ឯកសារពាក់ព័ន្ធ - ព័ត៌មាន

ពលរដ្ឋ​រង​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​នៅ​ប៉ោយប៉ែត​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​
ចេញផ្សាយថ្ងៃទី 2016-02-05


ប្រជាពលរដ្ឋ​ប្រមាណ ៣០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជាង ៥០​គ្រួសារ ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​៣ កុម្ភៈ នាំគ្នា​តវ៉ា​នៅមុខ​សាលាក្រុង ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ ដោះស្រាយ​ផ្ដល់​សំណង​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស​។​ ​ការតវ៉ា​នេះ កើតមាន​បន្ទាប់ពី​ប្រជាពលរដ្ឋ ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ចំនួន ១៣​លើក​មកហើយ តែ​ពុំ​ទទួលបាន​លទ្ធផល​។​ ​បន្ទាប់ពី​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ប្រមាណ ១​ម៉ោង អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត អនុញ្ញាត​ឲ្យ​ក្រុមអ្នកតវ៉ា ចូលជួប​ពិភាក្សា​នៅ​សាលប្រជុំ​សាលាក្រុង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ តែ​ពុំមាន​ច្រកចេញ​នៅឡើយ​។​ ​

តំណាង​ប្រជាពលរដ្ឋនៅក្នុង​ប៉ោយប៉ែត គឺ​លោកស្រី វ៉ាន់​ហឿ​ត លី​ណា ថ្លែងថា ពួកគេ​តវ៉ា​នេះ​ជា​លើក​ទី​១៤ ហើយ បន្ទាប់ពី​អាជ្ញាធរ​ពុំបាន​ដោះស្រាយ​សំណង​ផលប៉ះពាល់​ផ្លូវ​រថភ្លើង​សមរម្យ ដែល​ពួកគាត់​អាច​យកទៅ​សង់​ទីលំនៅ​ថ្មី​បាន​។ លោកស្រី​បន្ថែមថា កន្លងមក អាជ្ញាធរ​ពាក់ព័ន្ធ​បាន​សន្យាថា នឹង​ដោះស្រាយ​សំណង​ជូន​ពួកគាត់​តាម​ការជាក់ស្ដែង​។ ផ្ទុយទៅវិញ គឺ​អាជ្ញាធរ​ពុំបាន​ផ្ដល់​សំណង​អ្វី​ជូន​ពួកគាត់​នោះឡើយ​៖ «​អាជ្ញាធរ​គាត់​និយាយថា អ្នក​តវ៉ា​ពុំមែន​ជា​អ្នក​ប៉ះពាល់​ផ្លូវ​រថភ្លើង ជា​រឿង​មិនត្រូវ​នោះឡើយ ព្រោះ​ពួក​ខ្ញុំ​សុទ្ធតែជា​អ្នក​នៅ​ចាស់ ខ្លះ​រស់នៅ​តាំងពី ១៩៩៦ និង​ខ្លះទៀត​តាំងពី ២០០២ រហូតមក​»​។​ ​ឆ្លើយតប​នឹង​បញ្ហា​នេះ អភិបាលក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េង​ជ្រួ​ន មានប្រសាសន៍​យ៉ាងខ្លី​ថា អាជ្ញាធរ​ក្រុង​ពុំមាន​ចេតនា​មិន​ដោះស្រាយ​សំណង​ប៉ះពាល់​ជូន​ពលរដ្ឋ​នោះទេ​។ លោក​ថា បញ្ហា​នេះ​ដោយសារ​ជាការ​ទទួលខុសត្រូវរ​បស់​អន្តរក្រសួង​៖ «​បាទ​! យើង​បាន​ប្រជុំ​លើក​ហេតុផល​ប្រាប់​ពួកគាត់​ហើយ ថា​អន្តរក្រសួង​គាត់​ចុះមក​ដោះស្រាយ​នៅ​សប្ដាហ៍​ក្រោយ ព្រោះ​រឿងនេះ អាជ្ញាធរ​ក្រុង​យើង​អត់​មាន​សិទ្ធិ​ដោះស្រាយ​ជូន​ពួកគាត់ គឺ​យើង​បាន​សម្របសម្រួល​ឲ្យ​ពួកគាត់​ប៉ុណ្ណោះ​»​។​ ​យ៉ាងណា មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទ​គា មានប្រសាសន៍ថា ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ធ្វើការ​តវ៉ា​នេះ ដោយសារ​ពួកគាត់​ជួប​ការលំបាក បន្ទាប់ពី​អាជ្ញាធរ​បណ្ដេញ​ពួកគាត់​ចេញពី​ដី​ទាំង​បង្ខំ ដោយ​ពុំមាន​ផ្ដល់​សំណង​ជូន​ពួកគាត់​នោះទេ​។ លោក​អះអាងថា បញ្ហា​នេះ អាជ្ញាធរ​ក្រុង និង​មន្ត្រី​ពាក់ព័ន្ធ អាច​ដោះស្រាយ​សម្រួល​ពួកគាត់​បាន ប្រសិនបើ​អាជ្ញា​ធរមាន​ចេតនា​ពិតប្រាកដ​ក្នុងការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នោះ​៖ «​មន្ត្រី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត គិតតែ​ឆ្លើយ​យករួចខ្លួន ពុំបាន​ដោះស្រាយ​ជូន​ពលរដ្ឋ ធ្វើ​ប៉ះពាល់​ជាខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់​។ ការដោះស្រាយ​កន្លងមក អាជ្ញាធរ​ច្រើន​លួងលោម​ប្រជាពលរដ្ឋ​ដោយ​ការសន្យា​ខ្យល់​»​។​ ​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នៅ​កម្ពុជា ឧបត្ថម្ភ​ថវិកា​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី អេ​.​ឌី​.​ប៊ី (ADB) សាងសង់​ផ្លូវដែក​ចំនួន​ពីរ​ខ្សែ គឺ​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ និង​ពី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ កន្លងមក ប្រជាពលរដ្ឋ​នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​នេះ​ប្រមាណ ៥០​គ្រួសារ ធ្លាប់​តវ៉ា​ឲ្យ​អាជ្ញាធរ​ក្រុង និង​មន្ត្រី​ពាក់ព័ន្ធ ដោះស្រាយ​ជា​បន្តបន្ទាប់​។ កន្លងទៅ តំណាង​អ្នក​តវ៉ា​មួយចំនួន ត្រូវ​សមត្ថកិច្ច​ចាប់ឃុំខ្លួន ដោយ​ចោទប្រកាន់ថា ពួកគាត់​តវ៉ា​អូស​រូប​ទីងមោង​បង្ក​ភាពអនាធិបតេយ្យ​ក្នុងសង្គម​៕ ​


ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៦។។