ឯកសារពាក់ព័ន្ធ - ព័ត៌មាន

តុលាការ​ចោទប្រកាន់​មន្ត្រី​សហជីព​៤​នាក់​បន្ថែមទៀត​ក្នុង​សំណុំរឿង​ក្រុមហ៊ុន​កា​ពី​តូ​ល​
ចេញផ្សាយថ្ងៃទី 2016-02-09


​អតីត​អ្នកបើកបរ​រថយន្តក្រុង​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល (CAPITOL) ២​នាក់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការក្រុង​ភ្នំពេញ សម្រេច​ចោទប្រកាន់ និង​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ល្ងាច​ថ្ងៃទី​៨ កុម្ភៈ​។​ ​ការចោទប្រកាន់ និង​ឃុំខ្លួន​នេះ ត្រូវបាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិមនុស្ស យល់ឃើញថា អ្នក​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ទាំងនោះ ត្រូវតែ​ផ្ដល់​សេរីភាព​ឲ្យ​ពួកគេ​ឡើងវិញ ព្រោះ​រក​ពុំ​ឃើញ​មាន​ធាតុ​ផ្សំ​ណាមួយ​ដែល​ឈានទៅរក​ការចោទប្រកាន់​នោះទេ​។​ ​

ក្រោយពី​បញ្ចប់​ការសាកសួរ​ស្ទើរ​ពេញ​មួយថ្ងៃ​នៅ​ថ្ងៃទី​៨ កុម្ភៈ មន្ត្រី​សហជីព​ចំនួន ៤​នាក់​បន្ថែមទៀត ត្រូវបាន​មន្ត្រី​តុលាការក្រុង​ភ្នំពេញ សម្រេច​ចោទប្រកាន់​ចំនួន ៣​បទល្មើស​ដូចគ្នា​។​ ​ការសម្រេច​ចោទប្រកាន់​ប្រឆាំង​មន្ត្រី​សហជីព​ចំនួន ៤​នាក់​បន្ថែមទៀត​នេះ បានធ្វើ​ឲ្យ​ចំនួន​អ្នក​ដែល​ត្រូវ​ចោទប្រកាន់​ក្នុង​សំណុំរឿង​តែមួយ បាន​កើនឡើង​រហូតដល់ ៦​នាក់​ហើយ​។​ ​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុងភ្នំពេញ លោក រស់ ច័ន្ទ​ពិសិដ្ឋ សម្រេច​ចោទប្រកាន់​អ្នក​ទាំង ៦​នាក់​នោះ​ចំនួន ៣​បទល្មើស​ក្នុង​សំណុំរឿង​ដូចគ្នា នៃ​ក្រមព្រហ្មទណ្ឌ និង​ច្បាប់​ចរាចរណ៍ គឺ​ទី​១ បង្ក​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​។ ទី​២ ប្រឆាំង​អ្នករាជការ មាន​ស្ថាន​ទម្ងន់ទោស និង​បទ​ចោទ​ទី​៣ បង្ក​ឧបសគ្គ​រារាំង​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​។ នៅពេល​បញ្ចប់​ការសាកសួរ អតីត​អ្នកបើកបរ​រថយន្តក្រុង​ទាំង ២​នាក់ គឺ​លោក រស់ ស៊ី​ថៃ និង​លោក ម៉ន វណ្ណា ត្រូវបាន​គេ​បញ្ជូនទៅ​ឃុំខ្លួន​ភ្លាមៗ​នៅ​ពន្ធនាគារ​ព្រៃ​ស ខណៈ​មន្ត្រី​សហជីព​ទាំង ៤​រូប កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការចោទប្រកាន់​នៅឡើយ​។​

​បើទោះជា​បែបណា ការប្រមូលផ្តុំ​នៅ​ព្រឹក​ថ្ងៃទី​៤ កុម្ភៈ ក្រុមអ្នកតវ៉ា​សូម​ឲ្យ​តុលាការ ពិចារណា​លើ​ការដោះលែង​អតីត​អ្នកបើកបរ​ឡាន ២​នាក់ ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន និង​សូម​ឲ្យ​អាជ្ញាធរ​រក​ក្រុម​អ្នកបង្ក​អំពើហិង្សា យកមក​ផ្ដន្ទាទោស​។ ទាំងនេះ គឺជា​សារ​ដែល​ក្រុមអ្នកតវ៉ា​ប្រមាណ ៥០​នាក់ ស្រែក​ទាមទារ​ដ៏​កងរំពង​នៅខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៨ កុម្ភៈ​៖ «​សូម​តុលាការ​ដោះលែង​ទៅ សូម​តុលាការ​ដោះលែង​ទៅ​»​។​ ​ការស្រែក​តវ៉ា​នៅ​ខាងក្រៅ​របង​តុលាការ​របស់​ក្រុមអ្នកតវ៉ា​នេះ ស្របពេល​អតីត​អ្នកបើកបរ​ឲ្យ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល ២​នាក់ ត្រូវបាន​ព្រះរាជអាជ្ញារង​នៃ​តុលាការ​ក្រុងភ្នំពេញ លោក ស្រី ម៉ា​កនី បន្ត​សាកសួរ​ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃទី​៨ កុម្ភៈ ជុំវិញ​អំពើហិង្សា​នៅក្បែរ​ផ្សារ​អូរឫស្សី​។​ ​អតីត​អ្នកបើកបរ​រថយន្តក្រុង​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល លោក មុំ ប៊ុនធឿន បញ្ជាក់ថា ពួកគេ​នៅតែ​រក្សា​ជំហរ​ក្នុង​ការតវ៉ា​មិន​កែប្រែ​ឡើយ​។ ការទាមទារ​របស់​ពួកគេ​នេះ គឺ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ព្រម​ទទួល​អ្នកបើក​បររថ​យន្ត​ទាំងអស់ បាន​ចូល​បម្រើការ​ឡើងវិញ​។ លោក​បន្តថា «​ខ្ញុំ​នៅតែ​ទាមទារ​តវ៉ា​ចូល​បើកឡាន​វិញ ឲ្យ​តែ​បាន​។ អត់​ទេ ខ្ញុំ​ទាមទារ​នេះ គឺ​ទាមទារ​ដើម្បី​ចូលធ្វើការ​កន្លែង​ដើម​វិញ​»​។​ ​

ប្រធាន​សហភាព​ការងារ​កម្ពុជា ហៅ​កាត់​ថា ស៊ី​.​អិ​ល​.​ស៊ី (CLC) លោក អាត់ ធន់ អះអាងថា ដោយសារ​ប្រព័ន្ធតុលាការ អាជ្ញាធរ និង​ម្ចាស់​ក្រុមហ៊ុន​រថយន្តក្រុង​កា​ពី​តូ​ល មាន​សម្ពន្ធភាព​ដ៏​ជិតស្និទ្ធ និង​ជា​សាច់​ញាតិផង​នោះ ហេតុនេះ​ការរំពឹង​ទទួលបាន​យុត្តិធម៌​ពី​ការជំនុំជម្រះ​នេះ គឺ​តិចតួច​ណាស់​។ មិនតែប៉ុណ្ណោះ អ្នកប្រព្រឹត្តិ​បទល្មើស​ប្រឆាំង​អ្នក​តវ៉ា​ដោយ​សន្តិវិធី ក្រុម​សមត្ថកិច្ច​មិន​ចាប់ខ្លួន បែរជា​បណ្ដោយ​ឲ្យ​មាន​អំពើហិង្សា​កើតឡើង​ហើយ ថែមទាំង​ចាប់ខ្លួន​អ្នក​តវ៉ា​ដែលជា​អតីត​អ្នកបើកបរ​រថយន្តរ​បស់​ក្រុមហ៊ុន​នេះ និង​ពុំមាន​អ្វី​នៅក្នុង​ដៃ​ទៅវិញ​ថែម​ទៀតផង​។ លោក​បន្តថា «​ការចាប់ខ្លួន ឬក៏​ការចោទប្រកាន់​ដោយ​រឿង​ហ្នឹង គឺ​វា​អយុត្តិធម៌​។ វា​គ្មាន​ភាពយុត្តិធម៌​ទេ​នៅក្នុង​ប្រទេស​កម្ពុជា នោះ ជាពិសេស​សាលាក្រុង ឬក៏​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឬក៏​នាយករដ្ឋមន្ត្រី ត្រូវ​ពិនិត្យមើល​សំណុំរឿង​ហ្នឹង​វិញ តើ​អាជ្ញាធរ​ខណ្ឌ ហើយ​និង​អាជ្ញាធរ​បឹង​ព្រលិត ហ្នឹង ហើយ​និង​ក្រុមហ៊ុន​កា​ពី​តូ​ល ហ្នឹង ឃុបឃិត​ជាមួយ​យ៉ាងម៉េច​បានជា​ឥតមាន​ការចោទប្រកាន់​ចាប់ខ្លួន​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​សោះ​»​។​ ​ក្រោយពី​កើតហេតុ​ភ្លាម ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល ចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា ដោយ​ថ្កោលទោស​ការប្រើ​ហិង្សា​ប្រឆាំង​អ្នក​តវ៉ា​។ 

សេចក្ដីថ្លែងការណ៍​រួម​ដែលមាន​ស្ថាប័ន​ជាង ៣០​ស្ថាប័ន បាន​ហៅ​ការប្រើ​អំពើហិង្សា​កាលពី​ថ្ងៃទី​៦ កុម្ភៈ ពី​ក្រុម​សមាជិកសមាគម​រួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា ស៊ី​.​ស៊ី​.​ឌី​.​អេ (CCDA) របស់ លោក ឯ សុភា​ស់ ទៅលើ​អតីត​អ្នកបើកបរ​រថយន្តក្រុង​។​ ​វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការបំភ្លឺ​បាន​ភ្លាម​ទេពី​ម្ចាស់​ក្រុមហ៊ុន​កា​ពី​តូ​ល និង​ប្រធាន​សមាគម​រ៉ឺម៉ក​កង់​បី ហៅ​កាត់​ថា ស៊ី​.​ស៊ី​.​ឌី​.​អេ នៅ​ថ្ងៃទី​៨ កុម្ភៈ​។​ ​មន្ត្រីជាន់ខ្ពស់​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ដែល​ឃ្លាំមើល​ក្នុង​ពេលធ្វើ​កូដកម្ម​នេះ ចាត់ទុកថា ផ្អែកលើ​អង្គហេតុ ក្រុម​អ្នកបើកបរ​ឲ្យ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល ពុំមាន​ធាតុ​ផ្សំ​ណាមួយ​នៃ​បទល្មើស ដែល​ឈានទៅ​ចោទប្រកាន់​ទេ​។ ផ្ទុយទៅវិញ អ្នក​ដែល​សមត្ថកិច្ច​ត្រូវ​ចាប់ខ្លួន និង​តុលាការ​ត្រូវ​ចោទប្រកាន់​នោះ គឺ​អ្នកបង្ក​អំពើហិង្សា​របស់​ភាគី​ម្ខាង​ទៀត​ទៅវិញ​ទេ ទើបត្រូវ​។ លោក​បន្តថា «​ទិដ្ឋភាព​ជាក់ស្ដែង​ទាំង​យើង​ឃើញ​នៅក្នុង​រូប​វីដេអូ និង​ទិដ្ឋភាព​ជាក់ស្ដែង សួរថា​អ្នកណា​ដែល​ប្រើ​ដំបង​ប្រើ​ញញួរ ដើម្បី​ប្រើ​ហិង្សា ហើយ​ទិដ្ឋភាព​ភ្លាម​ហ្នឹង សមត្ថកិច្ច​គាត់​ឃើញ​ហើយ ប៉ុន្តែ​ហេតុ​បានជា​មិន​ចាប់ខ្លួន​អ្នកប្រើប្រាស់​អំពើហិង្សា​ពិតប្រាកដ​»​។​ ​រហូតមកដល់​ពេលនេះ បុគ្គលិក​បម្រើការ​ផ្នែក​បើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល ប្រមាណ ៤០​នាក់​ហើយ ត្រូវបាន​ភាគី​ក្រុមហ៊ុន​បញ្ឈប់ ក្រោម​ហេតុផល​ព្រោះតែ​បុគ្គលិក​ព្យាយាម​បង្កើត​សហជីព​នៅក្នុង​ក្រុមហ៊ុន​។ 

សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស ដែល​ឃ្លាំមើល​អំពើហិង្សា យល់ឃើញថា អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ ជាពិសេស​ម្ចាស់​ក្រុមហ៊ុន​ផ្ទាល់ ត្រូវ​បើកផ្លូវ​ឲ្យ​មាន​ដំណោះស្រាយ ជាជាង​បង្កើត​បញ្ហា ពីព្រោះថា អតីត​អ្នកបើកបរ​រថយន្តក្រុង​កា​ពី​តូ​ល​នេះ គឺ​ទាមទារ​សុំ​បើកបរ​ឡើងវិញ នៅក្រោយពេល​អតីត​អ្នកបើកបរ​ទាំងនេះ បានមក​បង្កើត​សហជីព​អ្នកបើកបរ​នោះ​។​ ​ដោយឡែក​ក្រុម​សហជីព​វិញ អះអាងថា ដោយសារ​ម្ចាស់​ក្រុមហ៊ុន​កា​ពី​តូ​ល មានកូន​ជា​ព្រះរាជអាជ្ញារង​តុលាការក្រុង​ភ្នំពេញ ថែមទាំង​មាន​សាច់ញាតិ​ជា​ម្ចាស់​ផ្សារ​អូរឫស្សី ផង ទើប​ក្រុមហ៊ុន​នេះ​មាន​ឥទ្ធិពល​លើ​តុលាការ​បែបនេះ​។ 

លោក អាត់ ធន់ ចាត់ទុកថា នេះ​ជា​មូលហេតុ​រំលោភ​ទៅលើ​សេចក្ដី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាធរកណ្ដាល ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ព្រម​ទទួលយក​អ្នកបើកបរ​ទាំងនោះ ចូលធ្វើការ​ឡើងវិញ​។ ផ្ទុយទៅវិញ បញ្ហា​នេះ​បាន​រុញច្រាន​ឲ្យ​សេចក្ដី​បង្គាប់​នេះ លែងមាន​ប្រសិទ្ធភាព​ថែម​ទៀតផង​៕ ​

ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៦។។