ឯកសារពាក់ព័ន្ធ - ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន ព្រមានបន្តចាប់ខ្លួនជនទាំងឡាយដែលនិយាយថា រាជរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ
ចេញផ្សាយថ្ងៃទី 2016-04-12


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីននៃកម្ពុជា បានព្រមានឱ្យសមត្ថកិច្ចចាប់ខ្លួនជនទាំងឡាយ ដែលក្នុងនោះមានទាំងតំណាងរាស្រ្ត មន្រ្តីរាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា មន្រ្តីអង្គការសង្គមស៊ីវិល បើសិនជាហ៊ានដើរនិយាយឃោសនាថា រាជរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ។ 
 សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើចង់ផ្អាកដំណើរការរបស់តុលាការ ការកាត់ក្តីតំណាងរាស្រ្តដែលបានចាប់ខ្លួន លុះត្រាតែរដ្ឋសភាបោះឆ្នោត ដោយមានសម្លេង៣/៤ ដើម្បីបញ្ឈប់ដំណើរការ។ 
ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានជាប់ខ្លួន លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងការនិយាយរឿងផែនទីក្លែងក្លាយ និងក្លែងឯកសារព្រំដែន ហើយរដ្ឋសភា នឹងបោះឆ្នោតអនុម័ត ឱ្យតុលាការផ្អាក ឬបន្តការអនុវត្តនីតិវិធីលើលោក អ៊ុំ សំអាន នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ។ 
ការថ្លែងបែបនេះរបស់សម្តេចតេជោ ខណៈចុះសំណេះសំណាលជាមួយ យោធិនពិការ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន ៣១៧គូលេន នៅឃុំបល្ល័ង្ក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ បានប្រកាស សម្តេចនឹងមិនបោះឆ្នោតគាំទ្រឱ្យមានការផ្អាកនីតិវិធីរបស់តុលាការលើ លោក អ៊ុំ សំអាន នោះទេ ដោយសារតែលោក បានញុះញុងក្នុងរឿងព្រំដែននេះ។ សម្តេចថា សម្តេចនឹងជំរុញឱ្យតុលាការបន្តនីតិវិធីរបស់ខ្លួនបន្តទៀត។ 
សូមបញ្ជាក់ថា លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីអាមេរិកមកដល់ប្រទេសកម្ពុជា។ លោកត្រូវបានចាប់ខ្លួន នៅម្តុំផ្សារកណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេលលោកចុះដកលុយនៅទូរ ATM របស់ធនាគារ។ 
សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ ដែរ។ សមត្ថកិច្ចថា ករណីនេះជាបទល្មើសជាក់ស្តែង៕ 

ដកស្រង់ចេញពីសារព័ត៌មាន freshnew ចេញផ្សាយថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦